ភ្នំពេញ៖ នាពេលបច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញអោយ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវកលក់ដូរ ផ្សារក្រមួន ឬ តាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនអោយរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សោរភ័ណ្ឌភាពទីក្រុង និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការភាពធ្វើដំណើរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ តំណាងអោយ លោក ចេង ម៉ុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានអោយដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់និង បាញ់ថ្នាំកំណត់ព្រំប្រទល់ អនុញ្ញាតអោយអ្នកលក់ដូរនៅតាមផ្លូវលេខ ៣៦៩ ពិសេសផ្សារជនជាតិ លក់ដូរ នៅមូលដ្ឋានសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ADVERTISEMENT

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់អោយដឹង មុនឈានដល់ការចុះរៀបចំ និងបាញ់ថ្នាំកំណត់ព្រំនេះ គឺកន្លងមកអាជ្ញាធរសង្កាត់និងនគរបាលប៉ុស្តិ៍បានចុះណែនាំជាច្រើនលើកច្រើនសារមកហើយ ហើយសង្កាត់ក៏បានជូនដំណឹងនៅសេចក្ដីជូនដំណឹងចុងក្រោយផងដែរ ដោយទុកឧសានវាទឲ្យត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តែបងប្អូនអ្នកលក់ដូនៅតាមផ្លូវលេខ ៣៦៩ ពិសេសផ្សារជនជាតិ ពុំបានអនុវត្តរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរតាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះ ទើបនៅព្រឹកថ្ងៃ១៣ ខែសីហានេះ លោកបាន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះអនុវត្តនិងរៀបចំ សណ្ដាប់ធ្នាប់នៅចំណុចផ្សារជនជាតិ តាមបណ្ដោយផ្លូវលេខ៣៦៩នេះ ដើម្បីរំដោះចិញ្ជើមផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកក់ស្ទះចរាចរណ៍ផងដែរ។

គួរំលឹកផងដែរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ចៅសង្កាត់ព្រែកប្រា បានចេញសេចក្តីជូនដំណឹង (ចុងក្រោយ) ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អ្នកលក់ដូរនៅតាមផ្លូវលេខ ៣៦៩ ពិសេសផ្សារជនជាតិ មេត្តាជ្រាបថា៖ យោងតាមការណែនាំរបស់ រដ្ឋបាលខណ្ឌច្បារអំពៅ សូមបងប្អូនអាជីវករទាំងអស់ចូលរួមសហការរៀបចំសណ្តាប់ធ្នាប់ ជាមួយ សាលាសង្កាត់ព្រែកប្រា ដូចខាងក្រោម៖
១-ហាមដាច់ខាតផ្ទះឬបង្ហូរទឹកមកលើចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ។
២- ហាមដាច់ខាតការលក់ដូរដាក់តាំងរបស់របរផ្សេងៗ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដែលអាចប៉ះពាល់បង្កគ្រោះថ្នាក់ កើតឡើងជាយថាហេតុដល់អ្នកធ្វើដំណើរឆ្លងកាត់។

ក្នុងករណីមិនអនុវត្តតាមខ្លឹមសាងខាងលើ សង្កាត់នឹងចុះរឹបអូសសម្ភារៈ ដោយមិនទទួលខុសត្រូវ រាល់ការបាត់បង់ ឬខូចខាតឡើយ ដោយអនុវត្តចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ នេះតទៅ។អាស្រ័យហេតុនេះ សាលាសង្កាត់ព្រែកប្រា សង្ឃឹមនឹងជឿជាក់ថា បងប្អូនទាំងអស់ នឹងចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here