ភ្នំពេញ ៖ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានករណីកាប់ប្លន់ទៀតហើយ ដោយជនរងគ្រោះជាយុវជនចំនួន៣នាក់ បានជិះម៉ូតូចេញពីផ្ទះ គោលបំណងទៅលេងក្លឹបកំសាន្ត ត្រូវជនសង្ស័យ មួយក្រុមមកធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូបានសំរេច ហើយគេចខ្លួនដោយសុវត្ថិភាព កាលពីម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជិតក្រសួងកិច្ចការនារី ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ តេន ជីហៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែន។ ចំណែក២នាក់ទៀតមិនបានអោយស្គាល់អត្តសញ្ញាណ។
ម៉ូតូដែលជនសង្ស័យប្លន់យកទៅម៉ាក ស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1K-2211។
តាមការរៀបរាប់របស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់ បានជិះម៉ូតូម៉ាក ស៊ុយស៊ុគីនិច ពណ៌ស ចេញពីចំការដូង ខណ្ឌដង្កោ ហើយគោលបំណង ទៅលេងនៅក្លឹបកម្សាន្តមួយកន្លែង នៅខណ្ឌសែនសុខ ដោយជិះធ្វើដំណើរតាម បណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កើតហេតុ ក៏ស្រាប់តែជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ បានជិះ៥គ្រឿងមិនចាំម៉ាក បានមកធ្វើសកម្មភាព ដាក់កាប់គំរាមប្លន់យកម៉ូតូ ហើយពេលនេះពួកគេ ភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូចោលនាំគ្នារត់គេច ស្រាប់តែបក្សពួកជនសង្ស័យទាំងនោះ បាននាំគ្នា មកលើកយកម៉ូតូរបស់ពួកគេជិះរត់គេចខ្លួនបានអស់តែម្ដងទៅ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យនិងម៉ូតូរបស់គាត់មកវិញផងដែរ៕