ភ្នំពេញ ៖ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី២ ខែមេសា ក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលត្រូវបានធ្វើឡើងនៅឯស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី។

ថ្លែងក្នុងកម្មវិធីខាងលើ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់វិស័យគុនខ្មែរផងដែរ»។

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើងដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំងដែលបានសហការនាំយកកម្មវិធីនេះឡើង»។

លោកជំទាវ វ៉ា នីតា នាយិកាប្រតិបត្តិក្រុមហ៊ុនថោនគ្រុបបានលើកឡើងថា៖«គោលបំណងសំខាន់ដែលយើងរួមគ្នាបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកស្ទុយដល់ក្បាច់គុណបុរាណខ្មែរឲ្យកាន់តែមានភាពល្បីល្បាញ និងលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយឲ្យបន្តវេនថែរក្សាសម្បត្តិវប្បធម៌ខ្មែរដ៏ផូរផង់មួយនេះ»។

ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖«គុនខ្មែរត្រូវបានស្វាគមន៍ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC។ កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរបានធ្វើឲ្យពិភពលោករំជើបរំជួលទទួលស្គាល់ពីភាពរស់រវើកនៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប ដែលវាគឺជាមោទកភាពជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរដែលរួបរួមសាមគ្គីគ្នា»។

«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ថោន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រោមការសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់នៅ១១ខេត្ត-ក្រុងដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល។

ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរជ័យលាភីលេខ១ក៏នឹងទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨ លានរៀល ឬស្មើទៅនឹង ១ម៉ឺន២ពាន់ដុល្លារអាមេរិកដែលជារង្វាន់ច្រើនមិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀតដែលបានរក្សាកៅអីចូលរួមក្នុងកម្មវិធីនេះក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែររួមមាន៖ ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាមេរិក កីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាមរិកក្នុងមួយនាក់ រីឯកីឡាករ១០រូបផ្សេងទៀតនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ៤ លានរៀលស្មើនឹង១ពាន់ដុល្លារអាមេរិកក្នុងមួយនាក់។

ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះដែរក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករចំនួន១២រូបដែលបានឈ្នះការប្រកួតជម្រុះនៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសាខាងនេះ។

កម្មវិធីនឹងចាប់ផ្តើមដំបូងនៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅនៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះ ទស្សនិកជននៅតាមបណ្តាខេត្តខាងលើ ជាពិសេស អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ សូមកុំភ្លេចរង់ចាំស្វាគមន៍ ចូលរួមមើលការប្រកួតប្រដាល់ផ្ទាល់ និងរីករាយជាមួយកម្មវិធីកម្សាន្តនានាដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំដើម្បីឲ្យកម្មវិធីកាន់តែទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា។

ដើម្បីទទួលបានព័ត៌មានថ្មីៗលោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ៖ https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី https://www.facebook.com/towntvcambodia៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here