ភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៃការឧបត្ថម្ភរវាងសមាគមនបាល់ទាត កងយោធពលខេមរភូមិន្ទ និងស្ថានីយ៍ទូរទស្សន៍ ខ.ភ.ម ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី៦ ខែមិនាឆ្នាំ២០២០ លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយក TV5 បានប្រកាសឧបត្ថម្ភរយៈពេល ១០ឆ្នាំ ដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយក្នុង ១ឆ្នាំ ៣០ម៉ឺនដុល្លារ សរុបគឺមានទឹកប្រាក់ចំនួន ៣លានដុល្លារ។ បន្ថែមលើនេះ លោកក៏បានប្រកាសជំហររ៉ាប់រង់បញ្ហាថវិការបស់សមាគមទៀតផង។

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រកាសបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់របស់ខ្លួនជាផ្លូវការហើយ ដោយមាន លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV5) ត្រូវបានតែងតាំងជាប្រធាន ហើយលោកក៏បានប្រកាសឧបត្ថម្ភដល់អតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលនេះរយៈពេល ១០ឆ្នាំ ក្នុងមួយឆ្នាំ ៣០ម៉ឺនដុល្លារទៀតផង។

ADVERTISEMENT

ពិធីប្រកាសបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រកាសភាពជាដៃគូឧបត្ថម្ភនេះ បានធ្វើឡើងនៅសណ្ឋាគាសូហ្វីតែល ក្រោមវត្តមាន ឯកឧត្តម ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងលោក ស៊ុប៉ាឆៃ វីរៈពូជុង ព្រមទាំងវត្តមានកីឡាករទាំងអស់របស់អតីតក្រុមជើងឯករងលីគកំពូលកម្ពុជា ២សម័យកាលនេះផងដែរ។

លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមនេះ គឺដើម្បីធានានិរន្ដរភាពរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ តាមរយៈការពង្រឹងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានកីឡាករល្អៗឲ្យបានច្រើន សម្រាប់ធ្វើការប្រកួតប្រជែង ជាមួយបណ្ដាក្លិបផ្សេងៗ ក្នុងលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន រួមទាំងការកសាងបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាការជួសជុលកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ជាដើម។

ចំពោះសមាសភាពរបស់គណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ សមាគមទើបប្ដូរមកពីឈ្មោះក្លិបក្រសួងការពារជាតិនេះ ក្រៅពីលោក ស៊ុប៉ាឆៃ វីរៈពូជុង នេះ គឺមានលោក តែម ម៉ឺន ជាអនុប្រធាន ព្រមទាំងវត្តមានសមាជិកមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here